ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (ប្រព័ន្ធ EIRS)
ប្រព័ន្ធ EIRS គឺជាថ្នាលកណ្ដាលមួយ សម្រាប់ចុះបញ្ជីលេខអាយម៉ីនៃទូរសព្ទចល័តឬឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដើម្បីបង្កើតជាមូលទិន្នន័យលេខអាយម៉ីថ្នាក់ជាតិ។
ប្រព័ន្ធ EIRS ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៤១ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុលោមតាមគោលការណ៍ជាសកលរបស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងសមាគមជីអេសអឹម (GSMA)។
លេខអាយម៉ី
លេខអាយម៉ី (IMEI – International Mobile Equipment Identity) គឺជាលេខសម្គាល់ជាអន្តរជាតិសម្រាប់ទូរសព្ទចល័តឬឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដែលមានចំនួន ១៥ (ដប់ប្រាំ) ខ្ទង់ ចែកចេញជាទម្រង់ដូចខាងក្រោម៖
- លេខ ៨ (ប្រាំបី) ខ្ទង់ដំបូង ជាលេខកូដសម្គាល់យថាប្រភេទឧបករណ៍ (Type Allocation Code – TAC)
- លេខ ៦ (ប្រាំមួយ) ខ្ទង់បន្ទាប់ ជាលេខរៀងឧបករណ៍ (Digit Serial Numbers – SNR)
- លេខ ១ (មួយ) ខ្ទង់ចុងក្រោយ ត្រូវប្រើប្រាស់សម្រាប់ត្រួតពិនិត្យលេខអាយម៉ី។
ទូរសព្ទចល័តមួយ អាចមានលេខអាយម៉ីលើសពីមួយ ទៅតាមចំនួនស៊ីមនៃទូរសព្ទចល័តនីមួយៗ ហើយលេខអាយម៉ីទាំងនេះ អាចត្រូវបានស្វែងរកដោយចុច *#06# នៅលើផ្ទាំងលេខ ឬនៅក្នុងមុខងារ “ការកំណត់” (Settings) ឬនៅលើប្រអប់ដើមដែលភ្ជាប់មកជាមួយទូរសព្ទចល័ត។
ការពិនិត្យស្ថានភាពលេខអាយម៉ី
ប្រព័ន្ធ EIRS មានមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចពិនិត្យស្ថានភាពលេខអាយម៉ីនៃទូរសព្ទចល័តឬឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដូចខាងក្រោម៖
- វេបសាយ: www.eirs.gov.kh
- កម្មវិធីទូរសព្ទចល័ត: ទាញយកកម្មវិធី “IMEI KH” ពី App Store, Play Store ឬ AppGallery
- សេវាយូ.អេស.អេស.ឌី (USSD): ចុច *1205# រួចចុចបញ្ជូន និងអនុវត្តតាមការណែនាំ
- សេវាសារខ្លី (SMS): វាយ CHK<ដកឃ្លា><លេខអាយម៉ី១៥ខ្ទង់> រួចចុចបញ្ជូនទៅលេខ 1205
ការចុះបញ្ជីលេខអាយម៉ីដោយស្វ័យប្រវត្តិ
ការចុះបញ្ជីលេខអាយម៉ីទៅក្នុងប្រព័ន្ធ EIRS ត្រូវបានដំណើរការដូចខាងក្រោម៖
- រាល់ទូរសព្ទចល័តឬឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដែលកំពុងប្រើប្រាស់លើបណ្តាញទូរសព្ទចល័ត នឹងត្រូវបានចុះបញ្ជីលេខអាយម៉ីដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធ EIRS នៅថ្ងៃដែលប្រព័ន្ធនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ
- ដោយឡែក ចំពោះទូរសព្ទចល័តឬឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមដែលមិនទាន់បានប្រើប្រាស់លើបណ្តាញទូរសព្ទចល័ត នឹងត្រូវបានចុះបញ្ជីលេខអាយម៉ីដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធ EIRS ផងដែរ ដោយគ្រាន់តែដាក់ស៊ីមឱ្យដំណើរការ រួចធ្វើការហៅទូរសព្ទចេញឬផ្ញើសារខ្លីទៅលេខទូរសព្ទណាមួយជាការស្រេច។ ដំណើរការចុះបញ្ជីនេះនឹងរួចរាល់ក្នុងអំឡុងពេល ៧២ម៉ោងយ៉ាងយូរ។
សារៈប្រយោជន៍
កាត់បន្ថយបទល្មើសចោរកម្មនៃទូរសព្ទចល័តឬឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម និងបង្កើនសន្តិសុខសាធារណៈ នៅក្នុងប្រទេសកម្ពុជា
ទប់ស្កាត់ការប្រើប្រាស់ទូរសព្ទចល័តឬឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមក្លែងក្លាយ និងបង្កើនគុណភាពនៃសេវាទូរគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា
ទប់ស្កាត់ការនាំចូលខុសច្បាប់ នៃទូរសព្ទចល័តឬឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម និងលើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ នៅក្នុងប្រទេសកម្ពុជា
ឯកសារ
ព័ត៌មាន
សៀវភៅមគ្គុទេសក៍ប្រើប្រាស់
អនុក្រឹត្យ
តំណភ្ជាប់ (Useful links)
